មន្ទីរពេទ្យ អុីនធ័រឃែរ ចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុន មៃតូស៊ីសស៍ បៃអូសាយអេនស៍ ដើម្បីពង្រឹងការការពារមហារីកមាត់ស្បូនតាមរយៈវ៉ាក់សាំង HPV ស្តង់ដារសហរដ្ឋអាមេរិក

ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ – មន្ទីរពេទ្យ អុីនធ័រឃែរ មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសអំពីកិច្ចសហប្រតិបត្តិការថ្មីបំផុត តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុន មៃតូស៊ីសស៍ បៃអូសាយអេនស៍ (Mitosis Bioscience)។

ពិធីចុះហត្ថលេខាជាផ្លូវការនេះត្រូវបានធ្វើឡើងរវាង លោក Jason Harrison សហស្ថាបនិក និងជាអគ្គនាយកប្រតិបត្តិរង នៃមន្ទីរពេទ្យ អុីនធ័រឃែរ និង វេជ្ជ. នៅ តាំ អគ្គនាយក និងជាសហស្ថាបនិកនៃក្រុមហ៊ុន មៃតូស៊ីសស៍ បៃអូសាយអេនស៍។

កិច្ចសហការនេះផ្តោតសំខាន់លើការផ្តល់ជូននូវវ៉ាក់សាំងការពារមេរោគ HPV (Human Papillomavirus) ដែលនាំចូលពីសហរដ្ឋអាមេរិក និងទទួលបានអាជ្ញាប័ណ្ណត្រឹមត្រូវពីក្រសួងសុខាភិបាល។ តាមរយៈភាពជាដៃគូនេះ មន្ទីរពេទ្យ អុីនធ័រឃែរ នឹងក្លាយជាមជ្ឈមណ្ឌលផ្តល់សេវាចាក់វ៉ាក់សាំង HPV ប្រកបដោយទំនុកចិត្ត ដែលផ្តល់ដោយក្រុមហ៊ុន មៃតូស៊ីសស៍ បៃអូសាយអេនស៍ ដើម្បីចូលរួមចំណែកកាត់បន្ថយអត្រាអ្នកកើតជំងឺមហារីកមាត់ស្បូននៅក្នុងប្រទេសកម្ពុជា។

ការការពារសុខភាពមាតា និងស្ត្រី គឺជាសសរស្តម្ភដ៏សំខាន់មួយរបស់យើង។ ការនាំមកនូវវ៉ាក់សាំងដែលមានគុណភាពខ្ពស់ និងស្តង់ដារអន្តរជាតិមកកាន់មន្ទីរពេទ្យផ្ទាល់ គឺជាការបោះជំហានទៅមុខយ៉ាងសំខាន់ស្របតាមពាក្យសោ្លករបស់យើងគឺ៖ “សុខភាពរបស់អ្នកជាបេសកកម្មរបស់យើង”។

យើងជឿជាក់យ៉ាងមុតមាំថា ការរួមបញ្ចូលគ្នារវាងជំនាញវេជ្ជសាស្ត្ររបស់ អុីនធ័រឃែរ និងការផ្គត់ផ្គង់វ៉ាក់សាំងប្រកបដោយគុណភាពពី មៃតូស៊ីសស៍ បៃអូសាយអេនស៍ នឹងផ្តល់នូវសុវត្ថិភាព និងភាពងាយស្រួលកាន់តែប្រសើរសម្រាប់អតិថិជនរបស់យើង។

Share this article

MORE NEWS

Stay up to date with us