កម្រមានអ្នកជំងឺមកជួបខ្ញុំ ហើយនិយាយចំៗថា “ខ្ញុំច្បាស់ណាស់ថាខ្ញុំឈឺថង់ទឹកប្រមាត់”។
ភាគច្រើន ពួកគាត់តែងតែរៀបរាប់ពីអាការៈម្យ៉ាងដែលកើតឡើងបន្តិចម្តងៗយូរទៅៗ ដូចជា៖ ញ៉ាំអាហារហើយមានអារម្មណ៍មិនស្រួលក្នុងពោះ, ចង់ក្អួតដោយគ្មានមូលហេតុ, ការឈឺចាប់ដែលចេះតែផ្លាស់ទីកន្លែង, ឬមានអារម្មណ៍តឹងណែននៅក្រោមឆ្អឹងជំនីរ ហើយបាត់ទៅវិញ។ ដោយសារតែរោគសញ្ញាទាំងនេះមិនសូវច្បាស់លាស់ មនុស្សជាច្រើនរស់នៅជាមួយបញ្ហាថង់ទឹកប្រមាត់នេះយូរឆ្នាំ ដោយមិនដឹងថាវាជារោគសញ្ញានៃជំងឺនេះឡើយ។
គោលបំណងរបស់ខ្ញុំនៅទីនេះ គឺចង់ពន្យល់អ្នកឲ្យបានច្បាស់ថា តើរោគសញ្ញាទាំងនេះមានន័យដូចម្តេច, របៀបដែលយើងធ្វើរោគវិនិច្ឆ័យ (រកមើលជំងឺ), និងថាតើការ វះកាត់ឆ្លុះ ដើម្បីយកថង់ទឹកប្រមាត់ចេញនោះ គេធ្វើដូចម្តេចខ្លះ រួមទាំងអត្ថប្រយោជន៍ និងហានិភ័យ ដើម្បីឲ្យអ្នកអាចសម្រេចចិត្តបានត្រឹមត្រូវ។

របៀបដែលបញ្ហាថង់ទឹកប្រមាត់ចាប់ផ្តើម
ជំងឺថង់ទឹកប្រមាត់មិនកើតឡើងភ្លាមៗទេ។ នៅដំណាក់កាលដំបូង រោគសញ្ញាអាចមើលទៅដូចជាបញ្ហារំលាយអាហារធម្មតា៖
- ចង់ក្អួត ក្រោយពេលញ៉ាំអាហាររួច ជាពិសេសអាហារចៀន ឬមានខ្លាញ់ច្រើន។
- មានអារម្មណ៍ហើម ឬតឹង នៅក្នុងពោះផ្នែកខាងលើ។
- មិនស្រួលខ្លួន នៅក្រោមឆ្អឹងជំនីរខាងស្តាំ។
- មានអារម្មណ៍ថាការរំលាយអាហារ “យឺត“ ឬក្រ-រលាយ។
យូរៗទៅ រោគសញ្ញានឹងវិវត្តទៅជា៖
- ឈឺពោះផ្នែកខាងលើ ញឹកញាប់។
- ការឈឺចាប់រាលដាល ទៅដល់ខ្នង ឬស្មាស្តាំ។
- ក្អួត ក្រោយពេលញ៉ាំអាហារ។
- កាន់តែមិនអាចញ៉ាំអាហារមានខ្លាញ់បាន (ញ៉ាំហើយធ្វើទុក្ខភ្លាម)។
- ការឈឺចាប់ ដែលជួនកាលច្រឡំថាជាការឈឺក្រពះ (ចុកឆ្អើ) ឬឈឺទ្រូង។
អ្នកជំងឺជាច្រើនទើបតែមកជួបគ្រូពេទ្យនៅពេលដែលការឈឺចាប់កើតឡើងញឹកញាប់ ឈឺខ្លាំង ឬឈឺរហូតដល់ដេកមិនលក់នៅពេលយប់។
ពេលណាដែលរោគសញ្ញាគួរឲ្យព្រួយបារម្ភ
រោគសញ្ញាមួយចំនួនបង្ហាញថា ថង់ទឹកប្រមាត់មិនត្រឹមតែរលាកប៉ុណ្ណោះទេ ប៉ុន្តែអាចកំពុងតែមានការស្ទះ ឬរលាកធ្ងន់ធ្ងរ៖
- ឈឺចុកចាប់ខ្លាំង អូសបន្លាយរាប់ម៉ោង។
- ក្តៅខ្លួន និងញាក់។
- ភ្នែក ឬស្បែកឡើងពណ៌លឿង (ខាន់លឿង)។
- ចង់ក្អួត ឬក្អួតខ្លាំង។
- មានអារម្មណ៍ថាឈឺធ្ងន់ ឬដូចជាត្រូវថ្នាំពុល។
សញ្ញាទាំងនេះអាចបញ្ជាក់ថាមាន ការរលាកថង់ទឹកប្រមាត់ស្រួចស្រាវ, គ្រួសស្ទះដំណើរទឹកប្រមាត់, ឬការរលាកផ្លូវទឹកប្រមាត់ ដែលត្រូវការការសង្គ្រោះបន្ទាន់។
របៀបដែលយើងពិនិត្យរកជំងឺនេះនៅមន្ទីរពេទ្យ អុីនធ័រឃែរ
ចំណុចល្អមួយសម្រាប់អ្នកជំងឺ គឺការពិនិត្យរកជំងឺនេះមានភាពងាយស្រួល និងមិនឈឺចាប់ឡើយ។
ការថតអេកូ – ជាការពិនិត្យដ៏សំខាន់
ការថតអេកូគឺជាជំហានដំបូង និងល្អបំផុត ព្រោះ៖
- មិនត្រូវការចាក់ថ្នាំ ឬដាក់សេរ៉ូម។
- មិនឈឺចាប់ និងចំណាយពេលលឿន។
- អាចមើលឃើញ គ្រួសក្នុងថង់ទឹកប្រមាត់ បានច្បាស់។
- អាចមើលឃើញការរលាក ឬទឹកដក់ជុំវិញថង់ទឹកប្រមាត់។
- ជួយមើលថាតើបំពង់ទឹកប្រមាត់មានការរីកធំដែរឬទេ (ដែលបញ្ជាក់ថាមានការស្ទះ)។

ក្នុងករណីភាគច្រើន គ្រាន់តែថតអេកូ បូករួមនឹងការពិនិត្យរាងកាយ និងតេស្តឈាមបន្តិចបន្តួច គឺគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា៖
- មានគ្រួសក្នុងថង់ទឹកប្រមាត់។
- មានការរលាកថង់ទឹកប្រមាត់។
- មានបញ្ហានៅបំពង់ទឹកប្រមាត់។
- និងថាតើគួរធ្វើការវះកាត់ដែរឬទេ។
អ្នកជំងឺតែងតែមានអារម្មណ៍ធូរចិត្ត ពេលដែលពួកគាត់បានយល់ច្បាស់ថាមានអ្វីកើតឡើង និងដឹងពីជម្រើសនៃការព្យាបាល។
តើការវះកាត់ឆ្លុះគេធ្វើដូចម្តេច?
នៅពេលដែលរោគសញ្ញាកើតឡើងញឹកញាប់ ឬធ្ងន់ធ្ងរ ឬការថតអេកូឃើញថាមានគ្រួសដែលបង្កបញ្ហា ការវះកាត់យកថង់ទឹកប្រមាត់ចេញគឺជាការព្យាបាលដែលត្រឹមត្រូវបំផុត។
ការវះកាត់ឆ្លុះ ត្រូវបានអនុវត្តដោយសុវត្ថិភាពទូទាំងពិភពលោកអស់ជាច្រើនទសវត្សរ៍មកហើយ និងត្រូវបានចាត់ទុកជាស្តង់ដារមាស នៃការព្យាបាល។

របៀបនៃការវះកាត់៖
- គ្រូពេទ្យនឹងបង្កើត មុខកាំបិតតូចៗចំនួន ៤ កន្លែង នៅលើពោះ។
- កាមេរ៉ា មួយនឹងត្រូវដាក់ចូល ដើម្បីមើលឃើញថង់ទឹកប្រមាត់ និងបំពង់ទឹកប្រមាត់បានច្បាស់ល្អនៅលើអេក្រង់។
- ថង់ទឹកប្រមាត់ត្រូវបានកាត់ផ្តាច់ចេញពីសាច់ជុំវិញដោយប្រុងប្រយ័ត្ន។
- សរសៃឈាម និងបំពង់ដែលភ្ជាប់ថង់ទឹកប្រមាត់ ត្រូវបានគាប និងកាត់។
- ថង់ទឹកប្រមាត់ត្រូវបានយកចេញតាមរន្ធតូចមួយដែលមានទំហំប្រហែល ១២-១៥ មីលីម៉ែត្រប៉ុណ្ណោះ។
ដោយសារតែការវះកាត់នេះមិនតម្រូវឲ្យវះពោះធំ សាច់ដុំពោះរបស់អ្នកនៅរក្សាភាពរឹងមាំដដែល ដែលជួយកាត់បន្ថយការឈឺចាប់ក្រោយវះកាត់បានយ៉ាងច្រើន។



ហេតុអ្វីបានជាការយកថង់ទឹកប្រមាត់ចេញមិនមានគ្រោះថ្នាក់?
ថង់ទឹកប្រមាត់មានតួនាទីត្រឹមតែ ស្តុកទុក ទឹកប្រមាត់ប៉ុណ្ណោះ វាមិនមែនជាអ្នក ផលិត ទឹកប្រមាត់ទេ។ ក្រោយពេលយកថង់នេះចេញ ទឹកប្រមាត់នឹងហូរដោយផ្ទាល់ពីថ្លើមទៅកាន់ពោះវៀនជាប្រចាំ។ អ្នកជំងឺភាគច្រើនអាចសម្របខ្លួនបានយ៉ាងលឿន និងអាចញ៉ាំអាហារបានជាធម្មតាវិញ។
អត្ថប្រយោជន៍នៃការវះកាត់ឆ្លុះ
បើធៀបនឹងការវះកាត់បើកពោះធំ ការវះកាត់ឆ្លុះមានអត្ថប្រយោជន៍សំខាន់ៗជាច្រើន៖
- ឆាប់ត្រឡប់ទៅរស់នៅជាធម្មតាវិញ អ្នកជំងឺភាគច្រើនអាចធ្វើសកម្មភាពស្រាលៗបានវិញ ក្នុងរយៈពេលតែពីរបីថ្ងៃប៉ុណ្ណោះ។
- ឈឺតិចតួច មុខរបួសតូចៗ មានន័យថាការប៉ះទង្គិចតិច និងឆាប់ជាសះស្បើយ។
- ហានិភ័យនៃការបង្ករោគនៅមុខរបួសមានកម្រិតទាប ដោយសារមុខរបួសតូចខ្លាំង ឱកាសដែលមេរោគចូលគឺមានតិចបំផុត។
- មើលឃើញច្បាស់ និងសុវត្ថិភាពជាង កាមេរ៉ាពង្រីកជួយឲ្យគ្រូពេទ្យវះកាត់មើលឃើញសរសៃតូចៗបានច្បាស់ជាងការវះកាត់បើកពោះទៅទៀត ដែលវាសំខាន់ណាស់នៅពេលដែលថង់ទឹកប្រមាត់កំពុងរលាក។
- ស្នាមវះកាត់តូច ស្នាមរបួសតូចៗ ធ្វើឲ្យមើលទៅស្អាត និងមិនសូវឃើញស្នាម។
ហានិភ័យដែលអាចកើតមាន និងអ្វីដែលអ្នកជំងឺគួរដឹង
ទោះបីជាការវះកាត់ឆ្លុះមានសុវត្ថិភាពខ្ពស់ក៏ដោយ វានៅតែជាការវះកាត់។ ហានិភ័យដែលអាចកើតមានរួមមាន៖
- ស្នាមជាំ ឬហើមតិចតួចជាបណ្តោះអាសន្ន។
- ឈឺចុងស្មា (បណ្តាលមកពីឧស្ម័នដែលប្រើអំឡុងពេលវះកាត់ ប៉ុន្តែវានឹងបាត់ទៅវិញឆាប់ៗ)។
- ការលេចធ្លាយទឹកប្រមាត់ (កម្រកើតមាន)។
- ការបង្ករោគ (ហានិភ័យទាប)។
- ការប៉ះពាល់ដល់សរីរាង្គក្បែរខាង ដូចជាបំពង់ទឹកប្រមាត់ (កម្រកើតមានណាស់)។
- តម្រូវការប្តូរទៅជាការវះកាត់បើកពោះធំ ក្នុងករណីដែលពិបាកខ្លាំង ឬរលាកខ្លាំងពេក។
ជារួម អត្រានៃផលវិបាកគឺមានកម្រិតទាបណាស់ ជាពិសេសចំពោះការវះកាត់ដែលបានគ្រោងទុក (មិនមែនការវះកាត់សង្គ្រោះបន្ទាន់)។
ហេតុអ្វីការធ្វើរោគវិនិច្ឆ័យ និងព្យាបាលទាន់ពេលគឺសំខាន់
ពេលវេលាគឺសំខាន់ណាស់។ ការទុកយូរពេកអាចនាំឲ្យមាន៖
- ការឈឺចាប់រើឡើងវិញញឹកញាប់។
- ការរលាកថង់ទឹកប្រមាត់ស្រួចស្រាវ។
- ការកើតខ្ទុះ។
- ការស្ទះបំពង់ទឹកប្រមាត់។
- ការរលាកបំពង់ទឹកប្រមាត់ធ្ងន់ធ្ងរ ដែលអាចគ្រោះថ្នាក់ដល់ជីវិត។
- ការរលាកលំពែង ដោយសារគ្រួសធ្លាក់ចូល។
- ត្រូវវះកាត់សង្គ្រោះបន្ទាន់ ដែលមានហានិភ័យខ្ពស់ជាងការវះកាត់ដែលបានគ្រោងទុក។
នៅពេលដែលជំងឺថង់ទឹកប្រមាត់ក្លាយជាធ្ងន់ធ្ងរ ការវះកាត់នឹងកាន់តែពិបាក ហើយការជាសះស្បើយក៏ប្រើពេលយូរជាងមុនដែរ។
ដំណើរការងាយស្រួល និងរហ័សនៅមន្ទីរពេទ្យ អុីនធ័រឃែរ
ដើម្បីជួយអ្នកជំងឺពីភាពមិនច្បាស់លាស់ មកជាភាពច្បាស់លាស់ មន្ទីរពេទ្យ Intercare បានបង្កើតដំណើរការពិនិត្យថង់ទឹកប្រមាត់ពិសេសមួយដែលផ្តល់ជូន៖
- ថតអេកូក្នុងថ្ងៃតែមួយ។
- ជួបពិគ្រោះយោបល់ក្នុងថ្ងៃតែមួយ។
- ការពិភាក្សាផ្ទាល់ជាមួយក្រុមគ្រូពេទ្យវះកាត់។
- ការកំណត់កាលវិភាគវះកាត់ឆ្លុះបានឆាប់រហ័ស តាមភាពចាំបាច់។
អ្នកជំងឺជាច្រើនប្រាប់ខ្ញុំថា ការដែលមានផែនការព្យាបាលច្បាស់លាស់ ជួយកាត់បន្ថយការភ័យខ្លាចរបស់ពួកគាត់បានយ៉ាងច្រើន។
រស់នៅដោយគ្មានការឈឺចាប់ពីថង់ទឹកប្រមាត់ម្តងទៀត
អ្នកជំងឺជាច្រើនបានរៀបរាប់ថា ពួកគេមានអារម្មណ៍ធូរស្រាលខ្លាំងនៅពេលដែលថង់ទឹកប្រមាត់ត្រូវបានយកចេញ។ពួកគេអាចរីករាយនឹងការញ៉ាំអាហារឡើងវិញ ឈប់បារម្ភថានឹងឈឺពោះទៀតនៅពេលណា និងអាចរស់នៅប្រចាំថ្ងៃបានដូចដើម។
ការវះកាត់ឆ្លុះ គឺជាដំណោះស្រាយដ៏ទំនើប សុវត្ថិភាព និងមានប្រសិទ្ធភាពសម្រាប់ជំងឺថង់ទឹកប្រមាត់។ ជាមួយនឹងការពិនិត្យទាន់ពេលវេលា ការជាសះស្បើយនឹងមានភាពរលូន និងទទួលបានលទ្ធផលល្អក្នុងរយៈពេលវែង។
ប្រសិនបើអ្នកកំពុងជួបប្រទះអាការៈចង់ក្អួតក្រោយញ៉ាំអាហារ, មិនស្រួលក្នុងពោះផ្នែកខាងលើ, ឬឈឺពោះម្តងៗ (ទោះបីជាវាបាត់ទៅវិញក៏ដោយ) នេះអាចជាពេលវេលាដ៏ត្រឹមត្រូវដែលអ្នកគួរមកពិនិត្យឲ្យបានច្បាស់លាស់។