ការវះកាត់ពោះវៀនធ្លាក់នៅក្រលៀនដោយការឆ្លុះលើមនុស្សពេញវ័យ៖ ជម្រើសទំនើប និងមានផាសុកភាពសម្រាប់ការព្យាបាលយូរអង្វែង 

ក្នុងនាមជាគ្រូពេទ្យវះកាត់នៅមន្ទីរពេទ្យ អុីនធ័រឃែរ កង្វល់មួយដែលខ្ញុំជួបញឹកញាប់បំផុតនោះគឺ អ្នកជំងឺមានដុំពកតូចមួយនៅត្រង់ក្រលៀនដែលចេះតែរំខាន។ អ្នកជំងឺជាច្រើនប្រាប់ខ្ញុំថា “វាគ្រាន់តែរំខានខ្ញុំម្តងម្កាលប៉ុណ្ណោះ តើខ្ញុំចាំបាច់ត្រូវបារម្ភដែរឬទេ?” 

ប្រសិនបើពាក្យនេះស្តាប់ទៅស្រដៀងនឹងស្ថានភាពរបស់អ្នក អ្នកមិនមែនតែម្នាក់ឯងទេ។ ជំងឺពោះវៀនធ្លាក់នៅក្រលៀន (Inguinal hernias) គឺជាជំងឺដែលកើតមានជាញឹកញាប់ ហើយជាសំណាងល្អ វាក៏ងាយស្រួលព្យាបាលផងដែរ។ 

នៅក្នុងអត្ថបទនេះ ខ្ញុំនឹងបង្ហាញអ្នកថា តើជំងឺពោះវៀនធ្លាក់ជាអ្វី? ពេលណាដែលត្រូវទៅរកពេទ្យ? តើការព្យាបាលនៅមន្ទីរពេទ្យ អុីនធ័រឃែរ មានដំណាក់កាលអ្វីខ្លះ? និងមូលហេតុអ្វីបានជាការ វះកាត់ឆ្លុះ (Laparoscopic surgery) ក្លាយជាជម្រើសពេញនិយមសម្រាប់មនុស្សជាច្រើន?

អ្វីដែលអ្នកជំងឺតែងតែកត់សម្គាល់ដំបូង

អ្នកអាចនឹងមានអាការៈណាមួយក្នុងចំណោមសញ្ញាដំបូងៗទាំងនេះ៖ 

  1. មានដុំពកទន់ៗនៅក្រលៀន ដែលលេចចេញមកពេលឈរ, ក្អក, ឬលើករបស់ធ្ងន់
  2. មានអារម្មណ៍ថាធ្ងន់ ឬតឹង នៅពោះផ្នែកខាងក្រោម
  3. មានអារម្មណ៍មិនស្រួល ក្រោយពេលហាត់ប្រាណ ឬឈរយូរ
  4. មានដុំពក ដែល “លៀនចេញមក” ហើយជួនកាលចូលទៅវិញដោយខ្លួនឯង 

មនុស្សជាច្រើនពន្យារពេលមិនព្រមទៅពិគ្រោះជាមួយពេទ្យ ដោយសាររោគសញ្ញាចេះតែលេចចេញហើយបាត់ទៅវិញ។ ប៉ុន្តែជំងឺពោះវៀនធ្លាក់ មិនអាចជាសះស្បើយដោយខ្លួនឯងទេ ហើយការទៅពិនិត្យឲ្យបានលឿន អាចការពារកុំឲ្យមានបញ្ហាធ្ងន់ធ្ងរនៅថ្ងៃក្រោយ។ 

ពេលណាដែលគួរព្រួយបារម្ភ៖ សញ្ញាគ្រោះថ្នាក់ 

ជំងឺពោះវៀនធ្លាក់នៅក្រលៀនភាគច្រើនមិនមែនជាករណីសង្គ្រោះបន្ទាន់ទេ។ ទោះជាយ៉ាងណាក៏ដោយ អ្នកគួរតែទៅជួបគ្រូពេទ្យជាបន្ទាន់ ប្រសិនបើអ្នកមានអាការៈ៖ 

  1. ដុំពកក្លាយជារឹង ឈឺ ឬមិនអាចរុញចូលវិញបាន 
  2. ឈឺចុកចាប់ខ្លាំងភ្លាមៗ នៅត្រង់ក្រលៀន 
  3. ចង់ក្អួត ឬក្អួត
  4. ឡើងក្រហម ឬហើម នៅជុំវិញដុំពកនោះ 

សញ្ញាទាំងនេះអាចបញ្ជាក់ថាពោះវៀនកំពុងជាប់គាំង ឬត្រូវរឹត (Incarceration or strangulation) ដែលមានន័យថាវាជាប់ ហើយឈាមមិនអាចទៅចិញ្ចឹមបាន។ នេះជាស្ថានភាពដែលយើងចង់ជៀសវាង ដោយការទទួលការព្យាបាលឲ្យបានទាន់ពេលវេលា។ 

តើមានអ្វីកើតឡើងនៅពេលអ្នកមកកាន់មន្ទីរពេទ្យ អុីនធ័រឃែរ 

អ្នកជំងឺតែងសួរខ្ញុំថា “តើដំណើរការហ្នឹងវាដូចម្តេចខ្លះ?” ខាងក្រោមនេះជាជំហានទូទៅ៖ 

  1. ចុះឈ្មោះ និងពិនិត្យបឋម (Triage): ក្រុមការងារយើងនឹងធានាថាអ្នកមានផាសុកភាព និងធ្វើការវាយតម្លៃរោគសញ្ញារបស់អ្នក
  1. ការពិគ្រោះយោបល់: យើងជជែកគ្នាអំពីរោគសញ្ញា, សកម្មភាពប្រចាំថ្ងៃ, និងសុខភាពទូទៅរបស់អ្នក 
  1. ការពិនិត្យរាងកាយ: ការពិនិត្យដោយផ្ទាល់ និងថ្នមៗដើម្បីបញ្ជាក់ពីជំងឺពោះវៀនធ្លាក់
  1. ការថតរូបភាពវេជ្ជសាស្ត្រ: ការថតអេកូ (Ultrasound) នឹងធ្វើឡើងតែក្នុងករណីដែលការធ្វើរោគវិនិច្ឆ័យត្រូវការភាពច្បាស់លាស់បន្ថែមប៉ុណ្ណោះ
  1. ការពិភាក្សាអំពីជម្រើសនៃការព្យាបាល: តើគួរតាមដានសិន, វះកាត់ឆ្លុះ, ឬវះកាត់បើកពោះ
  1. ការសម្រេចចិត្តរួមគ្នា: អ្នកសម្រេចចិត្តជាមួយគ្រូពេទ្យវះកាត់ថា តើជម្រើសមួយណាដែលសាកសមបំផុតសម្រាប់អ្នក 

អាទិភាពរបស់ខ្ញុំ គឺផ្តល់ឲ្យអ្នកនូវការយល់ដឹងច្បាស់លាស់អំពីជម្រើសរបស់អ្នក ដើម្បីឲ្យអ្នកអាចសម្រេចចិត្តបានត្រឹមត្រូវ។ 

ហេតុអ្វីបានជាយើងតែងតែណែនាំការវះកាត់ឆ្លុះ (Laparoscopic Repair)

មនុស្សជាច្រើនមានអារម្មណ៍ធូរចិត្តពេលដឹងថា ការវះកាត់ពោះវៀនធ្លាក់សម័យទំនើប អាចធ្វើឡើងតាមរយៈមុខរបួសតូចៗ ហើយមានការឈឺចាប់តិចតួចបំផុត។ 

របៀបនៃការវះកាត់៖ 

ការវះកាត់ឆ្លុះ ប្រើប្រាស់មុខរបួសតូចៗចំនួន ៣ ដើម្បីដាក់កាមេរ៉ា និងឧបករណ៍តូចៗចូលទៅក្នុងពោះ។ ពីខាងក្នុងពោះ យើងនឹង៖ 

  1. បង្កើតកន្លែងទំនេរនៅខាងក្រោយសាច់ដុំពោះ
  2. ទាញយកផ្នែកដែលធ្លាក់នោះ ចូលទៅកន្លែងដើមវិញថ្នមៗ
  3. ដាក់ “សំណាញ់” (Mesh) ដើម្បីពង្រឹងសាច់ដុំ
  4. ភ្ជាប់ និងការពារសំណាញ់នោះឲ្យនៅជាប់ល្អ

ការជួសជុលពីខាងក្នុងដោយមិនមានការទាញសាច់ដុំ (tension-free) បែបនេះ ផ្តល់នូវភាពរឹងមាំល្អសម្រាប់រយៈពេលយូរអង្វែង។ 

ហេតុអ្វី “សំណាញ់” (Mesh) មានសារៈសំខាន់

ការប្រើសំណាញ់ បានក្លាយជាស្តង់ដារសកលក្នុងការព្យាបាលជំងឺពោះវៀនធ្លាក់សម្រាប់មនុស្សពេញវ័យ។ វាជួយពង្រឹងសាច់ដុំដែលខ្សោយ, ការពារកុំឲ្យជំងឺរើឡើងវិញ, និងជួយឲ្យឆាប់ជាសះស្បើយ។ 

អត្ថប្រយោជន៍សំខាន់ៗ៖ 

  1. ផ្តល់ការគាំទ្ររឹងមាំ និងជាប់បានយូរ
  2. កាត់បន្ថយការតឹងនៃសាច់ដុំពោះ 
  3. អត្រានៃការកើតជំងឺនេះឡើងវិញមានកម្រិតទាប ជាងការវះកាត់ដែលមិនប្រើសំណាញ់ 
  4. អាចធ្វើចលនាបានលឿនក្រោយវះកាត់

សំណាញ់សម័យទំនើបមានសុវត្ថិភាព មិនមានប្រតិកម្មជាមួយរាងកាយ និងត្រូវបានប្រើប្រាស់ទូទាំងពិភពលោក។ 

អត្ថប្រយោជន៍ធៀបនឹងការវះកាត់បើកពោះ (Open Surgery) 

អ្នកជំងឺខ្លះសួរថា “តើការវះកាត់ឆ្លុះពិតជាល្អជាងមែនទេ?” វិធីសាស្ត្រទាំងពីរគឺសុទ្ធតែមានប្រសិទ្ធភាព ប៉ុន្តែការវះកាត់ឆ្លុះផ្តល់អត្ថប្រយោជន៍ជាក់ស្តែងមួយចំនួនដូចជា៖ 

  1. ឈឺតិចជាង ក្រោយវះកាត់
  2. ឆាប់បានត្រឡប់ទៅធ្វើសកម្មភាពស្រាលៗវិញ – ជារឿយៗក្នុងរយៈពេលតែពីរបីថ្ងៃប៉ុណ្ណោះ
  3. ហានិភ័យនៃការបង្ករោគនៅមុខរបួសទាប
  4. ល្អបំផុតសម្រាប់អ្នកដែលមានពោះវៀនធ្លាក់ទាំងសងខាង (អាចវះកាត់ទាំងសងខាងតាមរយៈមុខរបួសដដែល) 
  5. សោភ័ណភាពស្អាត ដោយមានស្នាមតូចៗដែលស្ទើរតែមើលមិនឃើញ

សម្រាប់មនុស្សពេញវ័យដែលចង់ឆាប់បានត្រឡប់ទៅធ្វើការ ឬលេងកីឡាវិញ នេះគឺជាជម្រើសដែលគេពេញចិត្តបំផុត។ 

ហានិភ័យ និងចំណុចគួរពិចារណា 

ដូចការវះកាត់ផ្សេងៗដែរ ការវះកាត់ឆ្លុះក៏មានហានិភ័យខ្លះៗដែរ៖ 

  1. ស្នាមជាំ ឬស្ពឹកបណ្តោះអាសន្ន
  2. ដុំទឹក (Seroma) (ដុំទឹកតូចមួយនៅក្រោមស្បែកដែលនឹងបាត់ទៅវិញដោយខ្លួនឯង) 
  3. ប្រតិកម្មជាមួយសំណាញ់ (កម្រកើតមាន)
  4. ប៉ះពាល់ដល់សរីរាង្គក្បែរខាង (កម្រកើតមានណាស់)
  5. ជួនកាលត្រូវប្តូរទៅជាការវះកាត់បើកពោះវិញ (ក្នុងករណីចាំបាច់)

ជាមួយនឹងក្រុមគ្រូពេទ្យវះកាត់ដែលមានបទពិសោធន៍ អត្រានៃផលវិបាកគឺមានកម្រិតទាប ហើយលទ្ធផលគឺល្អប្រសើរ។ 

ហេតុអ្វីការពិគ្រោះយោបល់ទាន់ពេលមានប្រយោជន៍

ពោះវៀនធ្លាក់ដែលតូច និងមិនសូវធ្វើទុក្ខនៅថ្ងៃនេះ អាចនឹងធំជាងមុន ឬរំខានខ្លាំងនៅពេលក្រោយ។ អ្នកជំងឺខ្លះមានការសោកស្តាយដែលបានរង់ចាំយូរពេក រហូតដល់ពោះវៀនធ្លាក់នោះធំ ឬពិបាករុញចូលវិញ។ 

ការពិគ្រោះយោបល់ទាន់ពេលអនុញ្ញាតឲ្យយើង៖ 

  1. រៀបចំផែនការវះកាត់ដោយសុវត្ថិភាព និងតាមពេលវេលាដែលអ្នកចង់បាន 
  2. ការពារកុំឲ្យមានផលវិបាកដែលត្រូវការសង្គ្រោះបន្ទាន់
  3. ជៀសវាងការឈឺចាប់សរសៃប្រសាទរ៉ាំរ៉ៃ
  4. ធានាបាននូវការជួសជុលដែលល្អបំផុតសម្រាប់រយៈពេលវែង

ប្រសិនបើអ្នកមានដុំពកថ្មីនៅក្រលៀន ឬការឈឺចាប់ដែលកើតឡើងម្តងហើយម្តងទៀត សូម្បីតែឈឺតិចតួចក៏ដោយ វាពិតជាមានប្រយោជន៍ក្នុងការទៅពិនិត្យ។ 

ពាក្យចុងក្រោយ 

គោលបំណងរបស់ខ្ញុំ គឺជួយអ្នកជំងឺឲ្យយល់ច្បាស់ពីជម្រើសរបស់ពួកគេ និងជ្រើសរើសផ្លូវដែលសមស្របនឹងជីវិត, កម្រិតសកម្មភាព, និងការចង់បានរបស់ពួកគេ។ ការវះកាត់ពោះវៀនធ្លាក់នៅក្រលៀនដោយការឆ្លុះ គឺជាដំណោះស្រាយទំនើប អាចទុកចិត្តបាន និងមានការប៉ះពាល់តិចតួចបំផុតសម្រាប់មនុស្សពេញវ័យ។ 

ប្រសិនបើអ្នកមានសំណួរ ឬកង្វល់ យើងនៅទីនេះដើម្បីជួយអ្នកគ្រប់ជំហាន។ 

អ្នកអាចកក់ការណាត់ជួបនៅមន្ទីរពេទ្យ Intercare ដើម្បីពិភាក្សាអំពីរោគសញ្ញា ស្វែងយល់ពីជម្រើស និងធ្វើការសម្រេចចិត្តប្រកបដោយទំនុកចិត្តចំពោះការព្យាបាលរបស់អ្នក។ 

Share this article